តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Amy Boucher Pye

របៀបស្វែងរកសន្តិភាព

កាលខ្ញុំនៅក្មេង ពេលដែលខ្ញុំកំពុងតែញាំអាហារពេលថ្ងៃត្រង់ ជាមួយមិត្តភក្តិខ្ញុំ គាត់បានសួរខ្ញុំថា “តើអ្នកគិតថា សន្តិភាពគឺជាអ្វី?” ខ្ញុំក៏បានសួរទៅគាត់វិញទាំងឆ្ងល់ថា តើគាត់សួរខ្ញុំធ្វើអ្វី? គាត់ក៏បានឆ្លើយថា កាលយើងកំពុងចូលរួមកម្មវិធីថ្វាយបង្គំព្រះក្នុងព្រះវិហារ គាត់បានឃើញជើងខ្ញុំនៅមិនស្ងៀម ធ្វើឲ្យគាត់ឆ្ងល់ថា ខ្ញុំកំពុងតែមានការមិនសប្បាយចិត្ត ដោយសាររឿងអ្វីមួយឬយ៉ាងណា? គាត់ក៏បានសួរខ្ញុំថា តើខ្ញុំបានគិតដល់សន្តិភាព ឬសេចក្តីសុខសាន្តដែលព្រះប្រទានដល់អ្នកដែលស្រឡាញ់ទ្រង់ឬទេ?

កាលនោះ សំណួររបស់គាត់បានធ្វើឲ្យខ្ញុំមានការឈឺចាប់បន្តិច ប៉ុន្តែ សំណួរនោះបានបណ្តាលចិត្តខ្ញុំ ឲ្យចាប់ផ្តើមការធ្វើដំណើរមួយ នៅក្នុងព្រះ។ ខ្ញុំក៏បានចាប់ផ្តើមបើកមើលព្រះគម្ពីរ ដើម្បីស្វែងយល់អំពីរបៀបដែលរាស្រ្តរបស់ព្រះឱបក្រសោបយកអំណោយនៃសេចក្តីសុខសាន្ត ឬសន្តិភាព សូម្បីតែនៅពេលដែលពួកគេកំពុងទុក្ខលំបាកក៏ដោយ។ ពេលខ្ញុំអានកណ្ឌគម្ពីរសំបុត្រដែលសាវ័កប៉ុលបានសរសេផ្ញើទៅពួកជំនុំ នៅទីក្រុងកូល៉ុស ខ្ញុំក៏បានឃើញការបង្រៀនរបស់គាត់ ដែលបានបង្គាប់គ្រីស្ទបរិស័ទទាំងឡាយ ឲ្យអនុញ្ញាតឲ្យសន្តិភាព ឬសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត(កូល៉ុស ៣:១៥)។

កាលនោះ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំមួយកន្លែង ដែលគាត់មិនដែលបានទៅសួរសុខទុក្ខ ប៉ុន្តែ គាត់បានទទួលដំណឹង ពីមិត្តភក្តិគាត់ឈ្មោះ អេប៉ាប្រាស។ គាត់មានការបារម្ភពីពួកគេ ខណៈពេលដែលពួកគេកំពុងតែជួបការបង្រៀនក្លែងក្លាយ ដែលធ្វើឲ្យពួកគេបាត់បង់សន្តិភាពនៃព្រះគ្រីស្ទ។ ប៉ុន្តែ គាត់មិនបានស្តីបន្ទោសពួកគេទេ ផ្ទុយទៅវិញ គាត់បានលើកទឹកចិត្តពួកគេ ឲ្យទុកចិត្តព្រះយេស៊ូវ ដែលទ្រង់នឹងប្រទានការធានា និងសេចក្តីសង្ឃឹមដល់ពួកគេ(ខ.១៥)។

យើងត្រូវសម្រេចចិត្តថា យើងនឹងឱបក្រសោបយក ឬបដិសេធសន្តិភាព ឬសេចក្តីមេត្រីរបស់ព្រះគ្រីស្ទ ក្នុងចិត្តយើង។ ពេលណាយើងងាកទៅរកព្រះអង្គ ដោយទូលសូមទ្រង់ឲ្យគង់នៅក្នុងចិត្តយើង ទ្រង់នឹងរំដោះយើងឲ្យរួចពីការថប់បារម្ភ និងទុក្ខព្រួយ…

ការស្រាយចំណង

អង្គការគ្រីស្ទបរិស័ទមួយមានបេសកកម្មបង្រៀន អំពីអំណាចនៃការប្រោសឲ្យជា ដែលមាននៅក្នុងការអត់ឱនទោស។ ពួកគេបានធ្វើសកម្មភាពជាច្រើន ដែលក្នុងនោះ ពួកគេបានសម្តែងរឿងខ្លីមួយ ដោយមានតួសម្តែងពីរនាក់ ត្រូវគេចងផ្អោបឲ្យទល់ខ្នងគ្នា ដែលអ្នកទីមួយជាអ្នកធ្វើខុសមកលើអ្នកទីពីរ។ ក្នុងរឿងនេះ មានតែអ្នកដែលជាជនរងគ្រោះប៉ុណ្ណោះ ដែលអាចស្រាយចំណងនោះបាន។ បើគាត់មិនស្រាយចំណងនោះទេ គាត់នឹងនៅទល់ខ្នងជាមួយអ្នកដែលបានធ្វើខុសមកលើគាត់ជានិច្ច ទោះគាត់ខំរើបម្រាស់យ៉ាងណាក្តី។ ដូចនេះ បើគ្មានការអត់ឱនទោសដោយស្រាយចំណងដែលចងរឹតនោះទេ គាត់មិនអាចមានសេរីភាពបានឡើយ។

កាលណាយើងអត់ឱនទោសឲ្យនរណាម្នាក់ ដែលចូលមករកយើង ដោយការសោកស្តាយ ចំពោះកំហុសដែលខ្លួនបានធ្វើមកលើយើង គឺមានន័យថា យើងកំពុងតែរំដោះខ្លួនយើង និងគាត់ ឲ្យរួចពីចំណងនៃភាពល្វីងជូរចត់ និងការឈឺចាប់ ដែលបានចងរឹតយើង តាមរយៈកំហុសដែលគេបានធ្វើមកលើយើង។ តាមកណ្ឌគម្ពីរលោកុប្បត្តិ យើងឃើញថា យ៉ាកុបបានរស់នៅឆ្ងាយពីអេសាវ ដែលជាបងប្រុសគាត់អស់២០ឆ្នំា បន្ទាប់ពីគាត់ បានលួចសិទ្ធិបងច្បងពី អេសាវ។ បន្ទាប់ពីរយៈពេលដ៏វែងនេះបានកន្លងផុតទៅ ព្រះជាម្ចាស់ក៏បានបង្គាប់លោកយ៉ាកុប ឲ្យវិលត្រឡប់ ទៅស្រុកកំណើតរបស់គាត់វិញ(លោកុប្បត្តិ ៣១:៣)។ គាត់ក៏បានស្តាប់បង្គាប់ទ្រង់ តែគាត់នៅមានការភ័យខ្លាច បានជាគាត់ឲ្យគេដឹកហ្វូងសត្វចេញទៅមុខគាត់ ធ្វើជាអំណោយសម្រាប់អេសាវ(៣២:១៣-១៥)។ ពេលបងប្អូនទាំងពីរជួបគ្នា យ៉ាកុបក៏បានក្រាបនៅទៀបជើងអេសាវ៧ដង ដោយការបន្ទាបខ្លួន(៣៣:៣)។ តើគាត់មានការភ្ញាក់ផ្អើលប៉ុណ្ណា ពេលដែលអេសាវរត់មក ឱបគាត់ ហើយអ្នកទាំងពីរក៏បានទួញយំ ក្នុងការផ្សះផ្សានោះ(ខ.៤)។ ដូចនេះ លោកយ៉ាកុបមិនជាប់ចំណងនៃអំពើបាប ដែលគាត់បានធ្វើមកលើបងប្រុសគាត់ទៀតទេ។

តើអ្នកកំពុងតែជាប់ចំណងនៃការមិនអត់ឱនទោស និងជាប់បន្ទុកនៃកំហឹង ការភ័យខ្លាច ឬក្តីអាម៉ាស់ឬទេ?…

ព្រះជាម្ចាស់បានសង្រ្គោះជីវិតខ្ញុំ

កាល​អើរ៉ុន(មិន​មែន​ឈ្មោះ​ពិត​របស់​គាត់) មាន​អាយុ​១៥​ឆ្នាំ គាត់​បាន​ចាប់​ផ្តើម​អធិស្ឋាន​ទៅ​សាតាំង។ គាត់​មាន​អារម្មណ៍​ថា សាតាំង​គឺ​ជា​ដៃ​គូ​របស់​គាត់។ អើរ៉ុន​ក៏​បាន​ចាប់​ផ្តើម​កុហក់ លួច និង​បោក​ប្រាស់​ក្រុម​គ្រួសារ និង​មិត្ត​ភក្កិ​គាត់។ គាត់​ក៏​មាន​សុបិន​អាក្រក់​ផង​ដែរ។ គាត់​បាន​ក្រោក​ឡើង នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ហើយ​ក៏​បាន​ឃើញ​អារក្ស​នៅចុង​ជើង​គាត់។ វា​ប្រាប់​គាត់​ថា គាត់​នឹង​ប្រឡង​ជាប់ ហើយ​បន្ទាប់​មក គាត់​នឹង​ស្លាប់។ តែ​គាត់​ក៏​បាន​ប្រឡង​ជាប់ ហើយ​នៅ​មាន​ជីវិត​រស់។ អើរ៉ុន​ក៏​បាន​រំឭក​ថា ក្រោយ​មក គាត់​ក៏​បាន​ដឹង​ច្បាស់​ថា សាតាំង​គឺ​ជា​អ្នក​កំភូត។

ដោយសារ​គាត់​ចង់​ទៅ​ជួប​ស្រី​ៗ គាត់​ក៏​បាន​ទៅ​ចូល​រួម​កម្ម​វិធី​បុណ្យ​របស់​គ្រីស្ទ​បរិស័ទ ដែល​នៅ​ទីនោះ មាន​បុរសម្នាក់​បាន​សុំ​អធិស្ឋាន​ឲ្យ​គាត់។​ គាត់​ថា ពេល​បុរស​នោះ​អធិស្ឋាន​ឲ្យ​គាត់ គាត់​មានអារម្មណ៍​ថា សន្តិ​ភាព​បាន​ជ្រួត​ជ្រាប​ពេញ​ខ្លួន​គាត់។​ គាត់​មាន​អារម្មណ៍​ថា គាត់​បាន​ពិសោធន៍​នឹង​អំណាច​ដែល​ខ្លាំង​ជាង និង​មាន​សេរីភាព​ជាង អំណាច​របស់​សាតាំង។​ បុរស​ដែល​បាន​អធិស្ឋាន​ឲ្យ​គាត់​នោះ បាន​ប្រាប់​គាត់​ថា ព្រះ​ជា​ម្ចាស់​មាន​ផែន​ការ សម្រាប់គាត់ ហើយ​សាតាំង​គឺ​ជា​អ្នក​កុហក។ សម្តី​របស់​បុរស​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​សាតាំង ពេល​ដែល​ទ្រង់​ឆ្លើយ​តប ចំពោះ​អ្នក​ដែល​ប្រឆាំង​នឹង​ទ្រង់​ថា សាតាំង​គឺ​ជា​អ្នក​កំភូត និង​ជា​ឪពុក​នៃ​សេចក្តី​កំភូត​(យ៉ូហាន ៨:៤៤)។

អើរ៉ុន​ក៏​បាន​ងាក​ចេញ​ពី​សាតាំង ហើយ​បែរ​មក​រក​ព្រះគ្រីស្ទ​វិញ​។ សព្វ​ថ្ងៃ​នេះ​គាត់​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​ជា​ម្ចាស់(ខ.៤៧)។ គាត់​បាន​ធ្វើ​ការ​បម្រើ​ទ្រង់ ក្នុង​សហគមន៍​នៅ​ទីក្រុង ដោយ​ចែក​ចាយ អំពី​ការ​ផ្លាស់​ប្រែ ដែល​ទទួល​បានពី​ការ​ដើរ​តាម​ព្រះ​យេស៊ូវ។​ គាត់​ក៏​បាន​ធ្វើ​បន្ទាល់​អំពី​អំណាច​របស់​ព្រះ​ជា​ម្ចាស់ ដែល​អាច​ជួយ​សង្រ្គោះ គឺ​ដូច​ដែលគាត់​បាន​ថ្លែង​ប្រាប់​គេ​ថា ខ្ញុំ​អាច​និយាយ​ដោយ​ទំនុក​ចិត្ត​ថា ព្រះ​ជា​ម្ចាស់​បាន​សង្រ្គោះ​ជីវិត​ខ្ញុំ។…

ឆ្លងកាត់ជ្រលងភ្នំ

ហេ វូ(Hae Woo មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​គេ​ឃុំ​ឃែង នៅ​ក្នុង​ជំរុំ​ពល​កម្ម​កូរេ​ខាង​ជើង ដោយ​សារ​គាត់​បាន​ឆ្លង​ដែន ចូល​ប្រទេស​ចិន។ គាត់​និយាយ​ថា គាត់​ទទួល​រង​ទារុណ​កម្ម​ជា​រៀង​រាល់​យប់​ថ្ងៃ ដោយ​ពួក​អ្នក​យាម​ដ៏​សាហាវ​ព្រៃ​ផ្សៃ និង​ការងារ​ធ្ងន់​ហួស​កម្លាំង ហើយ​គាត់​គេង​បាន​តែ​បន្តិច​បន្តួច នៅ​លើ​កម្រាល​ឥដ្ឋ​ដ៏​ត្រជាក់​ ដែល​មាន​ទៅ​ដោយ​សត្វ​កណ្តុរ និង​ចៃ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​ជួយ​គាត់​ជា​រៀង​រាល់​ថ្ងៃ ដោយ​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា មាន​អ្នក​ទោស​ណា​ខ្លះ ដែល​គាត់​អាច​រាប់​អាន​ជា​មិត្ត​ភក្តិ ហើយ​ចែក​ចាយ​អំពី​ជំនឿ​របស់​គាត់​ដល់​គេ។

បន្ទាប់​ពី​គាត់​ត្រូវ​គេ​ដោះ​លែង ហើយ​បាន​ភាស​ខ្លួន​ទៅ​ប្រទេស​កូរេ​ខាង​ត្បូង គាត់​ក៏​បាន​រំឭក​អំពី​ពេល​ដែល​គាត់​ជាប់​គុក​នោះ ដោយ​និយាយ​ថា បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​២៣ បាន​បូក​សរុប​បទ​ពិសោធន៍​របស់​គាត់។ គាត់​បាន​ជាប់​នៅ​ក្នុង​ជ្រលង​ដ៏​ងងឹត តែ​ព្រះ​យេស៊ូវ​ជា​អ្នក​គង្វាល ដែល​បាន​ប្រទាន​សន្តិ​ភាព​ដល់​គាត់។​ គាត់​ថា ទោះ​គាត់​មានអារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​តែ​នៅ​ក្នុង​ជ្រលង​នៃ​ម្លប់​នៃ​សេចក្តី​ស្លាប់​ក៏​ដោយ ក៏​គាត់​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ ព្រះ​ជា​ម្ចាស់​បាន​កម្សាន្ត​ចិត្ត​គាត់​ជា​រៀង​រាល់​ថ្ងៃ។ គាត់​បាន​ពិសោធន៍​នឹង​សេចក្តី​ល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ ដោយ​ទ្រង់​បាន​ធានា​ដល់​គាត់​ថា គាត់​ជា​កូន​ស្ងួន​ភ្ងា​របស់​ទ្រង់។ គាត់​ស្ថិត​នៅ​ក្នុង​កន្លែង​ដ៏​វេទនា តែ​គាត់​ដឹង​ថា គាត់បាន​ពិសោធន៍​នឹង​សេចក្តី​ល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។ ហើយ​គាត់​ដឹង​ថា គាត់​នឹង​បាន​នៅ​ជាប់​ក្នុងព្រះ​វត្ត​មាន​របស់​ព្រះ​អម្ចាស់​ជា​រៀង​រហូត។

យើង​អាច​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​រឿង​របស់​អ្នក​ស្រី​វូ។ ទោះ​គាត់​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​វេទនា​យ៉ាង​ណា​ក៏ដោយ ក៏​គាត់​នៅ​តែ​ដឹង​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​គាត់ និង​កំពុង​ដឹក​នាំ​គាត់ ហើយ​ទ្រង់​បាន​ទ្រទ្រង់​គាត់ ព្រម​ទាំងដក​ការ​ភ័យ​ខ្លាច​ចេញ​ពី​គាត់។ បើ​យើង​ដើរ​តាម​ព្រះ​យេស៊ូវ ទ្រង់​នឹង​ដឹក​នាំ​យើង យ៉ាង​សុភាព ឆ្លង​កាត់​ពេល​ដ៏​ពិបាកនោះ​។  យើង​មិន​ចាំ​បាច់​ត្រូវ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត…

មានពពកបាំង

កាល​ពី​ខែ​វិច្ឆិការ ឆ្នាំ២០១៦ ព្រះ​ច័ន្ទ​បាន​រះ​ធំ​បំផុត ជា​ព្រឹត្តិការណ៍​ដ៏​កម្រ ដែល​គេ​ដាក់​រហ័ស​នាម​ឲ្យ​ថា ស៊ូព័រមូន។ នៅ​យប់​នោះ ព្រះ​ច័ន្ទ​បាន​ដើរ​ក្នុង​គន្លង​របស់​វា ដោយ​ស្ថិត​ក្នុង​ចម្ងាយ​ដែល​ជិត​បំផុត​ពី​ផែនដី ក្នុង​រយៈ​ពេល​ជាង​៦០ឆ្នាំ ហើយ​មើល​ទៅ​មាន​ទំហំ​ធំ​ជាង និង​មាន​ពន្លឺ​ភ្លឺ​ជាង​ពេល​ធម្មតា។ ប៉ុន្តែ សម្រាប់​ខ្ញុំ​វិញ នៅ​យប់​នោះ ខ្ញុំ​ងើយ​ទៅលើ​ មើល​ឃើញ​តែ​ផ្ទៃ​មេឃ​ពណ៌​ប្រផេះ។ ទោះ​ខ្ញុំ​បាន​មើល​រូប​ថត នៃ​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​នេះ ដែល​មិត្ត​ភក្តិ​ខ្ញុំ​ថត​បាន ​នៅ​កន្លែង​ផ្សេង​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​មាន​ជំនឿ​ថា ព្រះ​ច័ន្ទ​ដ៏​ធំ​ចម្លែក កំពុង​តែ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក នៅ​ពេល​យប់​នោះ។

សាវ័ក​ប៉ុល​បាន​ជំរុញ​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស ឲ្យ​ជឿ​លើអ្វី​ដែល​មើល​មិន​ឃើញ​ តែ​មាន​ភាព​ស្ថិត​ស្ថេរ​ជា​ដរាប ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជួប​ប្រទះ​ទុក្ខ​លំបាក។ គាត់​ប្រាប់​ពួក​គេ​ថា ទុក្ខ​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះ ដែលមាន​រយៈ​ពេល​បណ្តោះ​អាសន្ន នឹង​នាំ​ឲ្យ​ពួក​គេ​ទទួល​សិរីល្អ​ដ៏​អស់​កល្ប​ជា​និច្ច(២កូរិនថូស ៤:១៧)។ ដូច​នេះ ពួក​គេ​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​អ្វី​ដែល​មើល​មិន​ឃើញ ព្រោះ​អ្វី​ដែល​មើល​មិន​ឃើញ គឺ​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច(ខ.១៨)។ សាវ័ក​ប៉ុល​ចង់​ឲ្យ​ជំនឿ​របស់​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស មាន​ការ​ចម្រើន​ឡើង ហើយ​ទោះ​បី​ជា​ពួក​គេ​រង​ទុក្ខ​យ៉ាង​ណាក៏​ដោយ ពួក​គេ​ត្រូវ​ទុក​ចិត្ត​ព្រះ​អង្គ។ ពួក​គេ​មិន​អាច​មើល​ឃើញ​ទ្រង់​មែន តែ​ពួក​គេ​អាច​ជឿ​ថា ទ្រង់​កំពុង​តែ​ធ្វើ​ឲ្យពួក​គេ​មាន​ភាព​ថ្មី​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ(ខ.១៦)។

នៅ​យប់​នោះ ខ្ញុំ​បាន​មើល​ទៅ​ពពក ដោយ​ដឹង​ថា ព្រះ​ច័ន្ទ​ដ៏​ធំ​ចម្លែក​កំពុង​តែ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក ហើយ​រឿង​នេះ​បាន​រំឭក​ខ្ញុំ​ថា យើង​មិន​អាច​មើល​ព្រះ​ជា​ម្ចាស់​ឃើញ ប៉ុន្តែ ទ្រង់​មាន​ភាព​ស្ថិត​ស្ថេរ​អស់​កល្ប។ ហើយ​ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ក្រោយ ពេល​ខ្ញុំ​ជួប​ការ​ល្បួង ឲ្យ​ជឿ​ថា ព្រះ​ជា​ម្ចាស់​គង់​នៅ​ឆ្ងាយ​ពី​ខ្ញុំ ខ្ញុំ​នឹង​ងាក​មក​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះអង្គ…

ការស្វាគមន៍អ្នកស្រុកក្រៅ

ប្រទេស​ម៉ូលដូវ៉ា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត នៅ​ទ្វីប​អឺរ៉ុប។ កាល​មិត្ត​ភក្តិ​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​នេះ ពួក​គេ​មាន​ចិត្ត​រំភើប​រីក​រាយ​យ៉ាង​ខ្លំាង ចំពោះ​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ ដែល​ពួក​គេ​បាន​ទទួល ជា​ពិសេស​ពី​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត។ មាន​ពេល​មួយ ពួក​គេ​បាន​យក​ខោ​អាវ និង​អាហារ​ខ្លះ​ៗ​ ទៅ​ឲ្យ​ប្តី​ប្រពន្ធ​មួយ​គូ ដែល​ទៅ​ថ្វាយ​បង្គំ​នៅព្រះវិហារ​ជា​មួយ​ពួក​គេ។ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ ដោយ​ចិញ្ចឹម​ក្មេង​ៗ​ជា​ច្រើន​នាក់។ គ្រួសារ​មួយ​នេះ​បាន​ចាត់​ទុក​មិត្ត​ភក្តិ​ខ្ញុំ ជា​ភ្ញៀវ​កិត្តិ​យស ដោយ​ដាក់​តែ​ផ្អែម និង​អាហារ​ខ្លះ​ៗ ដើម្បី​ទទួល​មិត្ត​ភក្តិ​ខ្ញុំ​ ទោះ​ពួកគេ​បដិសេធ​ក៏​ដោយ។ ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ត្រឡប់​មក​វិញ ម្ចាស់​ផ្ទះ​ក៏​បាន​ឲ្យ​ផ្លែ​ឪឡឹក និង​ផ្លែ​ឈើ ព្រម​ទាំង​បន្លែ​ដទៃ​ទៀត ពួក​គេ​បាន​ស្ញើច​សរសើរ ចំពោះ​ភាព​ចៅរ៉ាវ ដែល​ពួក​គេ​បាន​ទទួល​នៅ​ពេល​នោះ។

គ្រីស្ទ​បរិស័ទ​ទាំង​នេះ​បាន​បង្ហាញ​ចេញ​នូវ​ការ​ស្វាគមន៍ ដែល​ព្រះ​ជា​ម្ចាស់​បាន​បង្គាប់​រាស្រ្ត​ទ្រង់ គឺ​ពួក​អ៊ីស្រាអែល ឲ្យ​អនុវត្ត​តាម។ ព្រះ​អង្គ​បាន​បង្គាប់​ពួក​គេ​ឲ្យ “​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ដោយ​ការ​ស្តាប់​បង្គាប់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់​ព្រម​ទាំង​គោរព​ប្រតិបត្តិ​ដល់ទ្រង់ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ផង”(ចោទិយថា ១០:១២)។ តើ​ពួក​អ៊ីស្រាអែលបាន​អនុវត្ត​តាម​បង្គាប់​របស់​ទ្រង់ ដោយ​របៀប​ណា? ពួកគេ​អាច​អនុវត្ត​តាម​ព្រះ​បន្ទូល​ទ្រង់ ដោយ “ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​ពួក​គេ​ក៏​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ពី​កាល​នៅ​ស្រុក​អេស៊ីព្ទ​ដែរ”(ខ.១៩)។ ការ​ស្វាគមន៍​អ្នក​ស្រុក​ក្រៅ គឺ​ជា​ការ​បម្រើ និង​ថ្វាយ​ព្រះ​កតិ្ត​នាម​ដល់​ព្រះ​ជា​ម្ចាស់ ហើយ​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្នក​ស្រុក​ក្រៅ គឺ​ជា​ការ​បង្ហាញ​នូវ​សេចក្តី​ជំនឿ ដែល​ពួក​គេ​មាន​ចំពោះ​ទ្រង់។

ស្ថាន​ភាព​របស់​យើង ប្រហែល​ជា​ខុស​ពី​ប្រជាជន​នៅ​ប្រទេស​ម៉ូលដូវ៉ា ឬ​អ៊ីស្រាអែល តែ​យើង​ក៏​អាច​បង្ហាញ​ចេញ​នូវសេចក្តី​ស្រឡាញ់ ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយ​ការ​ស្វាគមន៍​អ្នក​ដទៃ​ផង​ដែរ។ ទោះ​យើង​បើក​ទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​អ្នក​ដទៃ…

ដង្វាយដ៏រស់

ម្តាយ​មីង​របស់​ឪពុក​ម្តាយ​ខ្ញុំ ធ្លាប់​មាន​ការងារ​ដ៏​រីក​រាយ នៅ​ក្នុង​ផ្នែក​ផ្សាយ​ពាណិជ្ជ​កម្ម ហើយ​បាន​ធ្វើ​ដំណើរ​ឡើង​ចុះ ពី​ទីក្រុង​ឈីកាហ្គោ ទៅ​ទីក្រុង​ញូយ៉ក។ ប៉ុន្តែ គាត់​បាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​អាជីព​នេះ ដោយ​សារ​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ឪពុក​ម្តាយ​នាង។ ពួក​គេ​កំពុង​រស់​នៅ ក្នុង​រដ្ឋ​មេនេសូតា ហើយ​ត្រូវ​ការ​អ្នក​ថែទាំ។ គាត់​មាន​បង​ប្អូន​ប្រុស​ពីរ​នាក់ ដែល​បាន​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង ក្នុង​ហេតុ​ការណ៍​ដ៏​សោក​សៅ ដូច​នេះ គាត់​គឺ​ជាកូន​តែ​មួយ​ដែល​ឪពុក​ម្តាយ​គាត់​នៅ​សល់។ សម្រាប់​ខ្លួន​គាត់​ផ្ទាល់ ការ​បម្រើ​ឪពុក​ម្តាយ​របស់​គាត់ គឺ​ជា​ការ​បង្ហាញ​ចេញ​នូវ​ជំនឿ​របស់​នាង។

សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម បាន​ជំរុញ​គ្រីស្ទ​បរិស័ទ ឲ្យ​ថ្វាយ​ជីវិត ធ្វើ​ជា “ដង្វាយ​ដ៏រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឫ​ទ័យ​ដល់​ព្រះ”(រ៉ូម ១២:១)។ គាត់​សង្ឃឹម​ថា ពួក​គេ​នឹង​ចែក​រំលែក​សេចក្តីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដែល​មាន​ការ​លះ​បង់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​(ខ.៣)។ ពេល​ដែល​ពួក​គេ​ធ្លាក់​ចូល ទៅ​ក្នុងការ​មិន​ចុះ​សម្រុង​គ្នា និង​ការ​បែក​បាក់ គាត់​បាន​បង្គាប់​ពួក​គេ ឲ្យ​លះ​បង់​អំណួត​របស់​ខ្លួន ព្រោះ​ពួក​គេ “ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែ​មួយ​ក្នុង​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ”(ខ.៥)។ គាត់​ចង់​ឲ្យ​ពួកគេ បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដែល​មាន​ការ​លះ​បង់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

ជា​រៀង​រាល់​ថ្ងៃ យើង​មាន​ឱកាស​បម្រើ​គ្នា ទៅ​វិញ​ទៅ​មក។ ឧទាហរណ៍ យើង​អាច​ឲ្យ​នរណា​ម្នាក់​ចូល​ទទួល​សេវ៉ា​កម្ម​មុន​យើង ឬ​យើង​អាច​ថែ​ទាំ​អ្នក​ដែល​មាន​ជម្ងឺ​ជា​ដើម។ ពុំ​នោះ​ទេ យើង​អាច​ចែក​រំលែក​បទ​ពិសោធន៍​របស់​យើង ខណៈ​ពេល​ដែល​យើង​ផ្តល់​យោបល់ ឬ​ទិស​ដៅ សម្រាប់​អ្នក​ដទៃ។ កាល​ណា​យើង​ថ្វាយ​ជីវិត​យើង ធ្វើ​ជា​ដង្វាយ​ដ៏​រស់ គឺ​មាន​ន័យ​ថា…

ធ្វើជាកូនរបស់ព្រះជារៀងរហូត

ក្នុង​អំឡុង​ពេល​នៃ​ការ​ថ្វាយ​បង្គំ ដែល​ខ្ញុំ​បាន​ចូល​រួម ជា​មួយ​ឪពុក​ម្តាយ​ខ្ញុំ យើង​បាន​កាន់​ដៃ​គ្នា តាម​ទម្លាប់​ជា​ធម្មតា ខណៈ​ពេល​ដែល​យើង​សូត្រ​សេចក្តី​អធិស្ឋាន​នៃ​ព្រះ​អម្ចាស់​ទាំង​អស់​គ្នា។ ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឈរ​ ដោយ​ដៃ​ម្ខាង​កាន់​ដៃ​ម្តាយ​របស់​ខ្ញុំ​ ហើយ​ម្ខាង​ទៀត​កាន់​ដៃ​ឪពុក​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​គិត​ថា ខ្ញុំ​នឹង​ធ្វើ​ជា​កូន​ស្រី​របស់​ពួក​គាត់​ជា​រៀង​រហូត។ ទោះ​បី​ជា​ខ្ញុំ​បាន​ចូល​ដល់​វ័យ​កណ្តាល​ហើយ​ក្តី គេ​នៅ​តែ​អាច​ហៅ​ខ្ញុំ​ថា “កូន​របស់​លោក​លេអូ និង​អ្នក​ស្រី​ហ្វ៊ីលីស”។ ខ្ញុំក៏​បាន​នឹក​ចាំ​ថា ខ្ញុំ​មិន​គ្រាន់​តែ​ជា​កូន​ស្រី​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ធ្វើ​ជា​កូន​របស់​ព្រះ​ជា​រៀង​រហូត​ផង​ដែរ។

សាវ័ក​ប៉ុល​ចង់​ឲ្យ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម​ដឹង​ថា ពួក​គេ​មាន​អត្ត​សញ្ញាណ​ជា​កូន ដែល​ព្រះ​ទ្រង់​ទទួល​ចិញ្ចឹម ក្នុង​មហា​គ្រួសារ​របស់​ទ្រង់​(រ៉ូម ៨:១៥)។ ដោយ​សារ​ពួក​គេ​បាន​កើត​ពី​ព្រះ​វិញ្ញាណ​(ខ.១៤) នោះ​ពួក​គេ​មិន​ចាំ​បាច់​ត្រូវ​រស់​នៅជា​ទាសករ​នៃ​ការ​អ្វី​ដែល​គ្មាន​ប្រយោជន៍​ពិត​ប្រាកដ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ តាម​រយៈ​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ ពួក​គេ​បាន​ធ្វើ​ជា “​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ”(ខ.១៧)។

សម្រាប់​អ្នក​ដែល​ដើរ​តាម​ព្រះ​គ្រីស្ទ តើ​ការ​ស្គាល់​អត្ត​សញ្ញាណ​ដ៏​ពិត​នេះ នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ? គឺ​នឹង​នាំ​ឲ្យ​ផ្លាស់​ប្តូរ​អ្វីៗ​គ្រប់​យ៉ាង។​ អត្ត​សញ្ញាណ​ដែល​យើង​មាន ក្នុង​នាម​ជា​កូន​របស់​ព្រះ ផ្តល់​ឲ្យ​យើង​នូវ​មូល​ដ្ឋាន​គ្រឹះ និងផ្លាស់​ប្តូរ​ទស្សនៈ​ដែល​យើង​មាន​ចំពោះ​ខ្លួន​ឯង និង​ចំពោះ​ព្រះ​ជា​ម្ចាស់​។ ឧទាហរណ៍ ពេល​យើង​ដឹង​ថា យើង​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះ យើង​នឹង​ស្ម័គ្រ​ចិត្ត​បោះ​ជំហាន​ចេញ​ពី​ភាព​ស្រណុក​ស្រួល​របស់​យើង ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ទ្រង់។ យើង​ក៏​នឹង​មាន​សេរីភាព រួច​ផុត​ពី​ការ​ស្វែង​រក​ការ​សរសើរ​ពី​អ្នក​ដទៃ។

នៅ​ថ្ងៃ​នេះ សូម​យើង​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​ការ​ធ្វើ​ជា​កូន​ព្រះ​ចុះ។—AMY BOUCHER PYE

អ្នកនាំព្រះរាជសារ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ចូល​រួម​សន្និសិទ​មួយ។ ស្រ្តី​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​សន្និសិទ​នោះ បាន​ហុច​ក្រដាស​មួយ​សន្លឹក​ឲ្យ​ខ្ញុំ ដែល​មាន​សរសេរ​អក្សរ​ពី​លើ​ថា “ខ្ញុំ​មាន​ដំណឹង​មួយ សម្រាប់​អ្នក”។ ពេល​នោះ ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​គួរ​មាន​អារម្មណ៍​ភ័យ​អរ ឬ​រំភើប​រីក​រាយ​ឡើយ។ ប៉ុន្តែ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​មាន​អំណរ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ពាក្យ​ដែល​គេ​បាន​សរសេរ​នៅ​ខាង​ក្រោម​ថា “អ្នក​មាន​ក្មួយ​ប្រុស​ម្នាក់​ហើយ!”

សារ​ដែល​យើង​ទទួល អាច​ជា​ដំណឹង​ល្អ ដំណឹង​អាក្រក់ ឬ​ផ្ទុក​ទៅ​ដោយ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ជម្រុញ​ចិត្ត​យើង។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​ប្រើ​ហោរា​របស់​ទ្រង់ ឲ្យ​នាំ​ព្រះ​រាជសារ​នៃ​សេចក្តី​សង្ឃឹម ឬ​ការ​ជំនុំ​ជម្រះ។ ប៉ុន្តែ ពេល​ដែល​យើង​ពិនិត្យ​មើល​ព្រះរាជសារ​ទ្រង់​ឲ្យ​បាន​ជិត យើង​នឹង​ឃើញ​ថា សូម្បី​តែ​នៅ​ក្នុង​ព្រះរាជសារ​នៃ​ការ​ជំនុំ​ជម្រះ ក៏​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​នាំ​យើង​ ទៅរក​ការ​ប្រែ​ចិត្ត ការ​ប្រោស​ឲ្យ​ជា និង​ការ​ស្អាង​ឡើង​វិញ។

យើង​អាច​ឃើញ​ព្រះ​រាជសារ​ទាំង​ពីរ​ប្រភេទ​នេះ នៅ​ក្នុង​បទ​គម្ពីរ​ម៉ាឡាគី ជំពូក​៣ ដែល​ក្នុង​នោះ ព្រះ​អម្ចាស់​បាន​សន្យា​ថា នឹងចាត់​អ្នក​នាំ​ព្រះ​រាជ​សារ ឬ​ទូត​របស់​ទ្រង់​ម្នាក់ ឲ្យ​រៀប​ចំ​ផ្លូវ​ថ្វាយ​ទ្រង់។ ក្រោយ​មក លោក​យ៉ូហាន​បាទីស្ទ​ក៏​បាន​ប្រកាស​អំពី​ការ​យាង​មក​នៃ​អ្នក​នាំ​ព្រះ​រាជសារ​ដ៏​ពិត គឺ​ព្រះ​យេស៊ូវ​(មើល​ម៉ាថាយ ៣:១១) ដែល​ទ្រង់​ជា “ទូត​ដែល​នាំ​សេចក្តី​សញ្ញា”(ម៉ាឡាគី ៣:១) ដែល​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ។ ប៉ុន្តែ ទ្រង់​ប្រៀប​ដូច​ជា ​“​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក”(ខ.២) ដ្បិត​ទ្រង់​នឹង​បន្សុទ្ធ​អ្នក​ដែល​ជឿ​ព្រះ​បន្ទូល​ទ្រង់ ឲ្យ​បាន​បរិសុទ្ធ។ ព្រះ​អម្ចាស់​បាន​បញ្ជូន​ព្រះ​រាជ​សា​របស់​ទ្រង់​មក ដើម្បី​លាង​សម្អាត​រាស្រ្ត​ទ្រង់ ព្រោះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​សុខ​មាល​ភាព​របស់​ពួក​គេ ដោយ​សេចក្តី​ស្រឡាញ់។

ព្រះ​រាជ​សារ​របស់​ព្រះ​ជា​ម្ចាស់…

សំបុត្រនៅថ្ងៃណូអែល

រៀង​រាល់​ពេល​រដូវ​កាល​នៃ​បុណ្យ​ណូអែល​មក​ដល់ មិត្ត​ភក្តិ​របស់​ខ្ញុំ​តែង​តែ​សរសេរ​សំបុត្រ​ដ៏​វែង​មួយ​ច្បាប់ ផ្ញើ​ភរិយា​របស់​គាត់ ដោយ​និយាយ​រំឭក​អំពី​ពេល​កន្លង​ទៅ ហើយ​នឹក​ស្រមៃ​អំពី​ពេល​អនាគត។ គាត់​តែង​តែ​សរសេរ​ប្រាប់​ភរិយា​គាត់​ថា គាត់​ស្រឡាញ់​នាង​ខ្លាំង​ប៉ុណ្ណា ហើយ​ហេតុ​អ្វី​គាត់​ស្រឡាញ់​នាង។ គាត់​ក៏​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​កូន​ស្រី​គាត់​ម្នាក់​ៗ​ផង​ដែរ។ ពាក្យ​សម្តី​នៃ​សេចក្តី​ស្រឡាញ់​របស់​គាត់ បាន​ធ្វើ​ជា​អំណោយ​ថ្ងៃ​ណូអែល​ដែល​មិន​អាច​ភ្លេច​បាន។​

យើង​ក៏​អាច​និយាយ​ផង​ដែរ​ថា ព្រះ​យេស៊ូវ​គឺ​ជា​សំបុត្រ​ថ្ងៃ​ណូអែល​ដំបូង​បំផុត ព្រោះ​ទ្រង់​ជា​ព្រះ​បន្ទូល​ដែល​បាន​យក​កំណើត​ជាមនុស្ស​។ បទ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​បាន​និយាយ​សង្កត់​ធ្ងន់​ អំពី​សេចក្តី​ពិត​នេះ​ថា “កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ”(យ៉ូហាន ១:១)។ នៅ​សម័យ​ដើម ក្នុង​ភាសា​ក្រិក ពាក្យ “ឡូហ្គូស” ប្រែ​មក​ថា ព្រះ​បន្ទូល​ព្រះ។ ព្រះ​បន្ទូល ដែល​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​វរបិតា “បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា”(ខ.១៤)។

ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់​យ៉ាង​ល្អ​ឥត​ខ្ចោះ តាម​រយៈ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។

ទេវវិទូ​ទំាង​ឡាយ​បាន​ព្យាយាម​ស្វែង​យល់​អំពី​អាថ៌​កំបាំង​ដ៏​មាន​ន័យ​នេះ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​បាន​នាំ​ពន្លឺ​ចូល​ទៅ​ក្នុង​ពិភព​លោក​ដ៏​ងងឹត(ខ.៩)។​ កាល​បើ​យើង​ជឿ​ទ្រង់ នោះ​យើង​បាន​ក្លាយ​ជា​កូន​ស្ងួន​ភ្ញា​របស់​ព្រះ ដែល​ជា​អំណោយ​ដ៏​វិសេស​(ខ.១២)។

ព្រះយេស៊ូវ​ជា​សំបុត្រ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​បាន​ផ្ញើ​មក​យើង។​ ទ្រង់​បាន​យាង​មក និង​បាន​គង់​នៅ​ក្នុង​ចំណោម​យើង​។ នោះ​ហើយ ជា​អំណោយ​ដ៏​អស្ចារ្យ​នៃ​ថ្ងៃ​ណូអែល។—AMY BOUCHER PYE